ពិធីសម្ពោធព្រះវិហារទើបជួសជុលថ្មី នៅវត្តសំសមី ខេត្តព្រៃវែង

ពិធីសម្ពោធព្រះវិហារ

ទើបជួសជុលថ្មី នៅវត្តសំសមី ខេត្តព្រៃវែង

នៅ​ព្រឹក​ថ្ងៃ​ទី​ ៣​០​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​២​ នៅ​វត្ត​សំ​សមី​ នៅ​សង្កាត់​កំពង់​លាវ​ ក្រុង​ព្រៃ​វែង​ បាន​រៀប​ចំ​ពិធី​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ទើប​ជួស​ជុល​ថ្មី​ ក្រោម​អធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត​ អភិ​បាល​ ខេត្ត​ព្រៃ​វែង​ និង​ឯក​ឧត្តម​ លី​ ឆេង​ ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​ និង​លោក​ជំទាវ​ ប៊ូ​ អ៊ា​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​ ជាង​៧​០​០​នាក់​។​
តាម​របាយ​ការណ៍​របស់​លោក​យាយ​ ​ហែម​ ស៊ី​ម៉ន​ គណៈ ​កម្ម​ការ​វត្ត​សំ​សមី​ បាន​អោយ​ដឹង​ថា​ ព្រះ​វិហារ​វត្ត​សំ​សមី​ ជា​សំ​ណង់​ចាស់​ ដែល​បាន​សាង​សង់​ឡើង​តាំង​ពី​ឆ្នាំ​១​៩​១​៩​ និង​មាន​ស​ភាព​ចាស់​ទ្រុឌ​ទ្រោម​ ដូ​ច្នេះ​ ព្រះ​សង្ឃ​ក្នុង​វត្ត​ អា​ចារ្យ​ គណៈ​កម្ម​ការ​ ក៏​បាន​ផ្តួច​ផ្តើម​ជួស​ជុល​ និង​មាន​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​របស់​ ​ឯក​ឧត្តម​ លី​ ឆេង​ និង​​លោក​ជំទាវ​ ប៊ូ​ អ៊ា​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​ និង​រួច​រាល់​ជា​ស្ថា​ពរ​ នៅ​ថ្ងៃ​ទី​០​៦​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​២​។​

លោក​យាយ​ បាន​បន្ត​ទៀត​ថា​ កន្លង​មក​វត្ត​សំ​សមី​ ត្រូវ​បាន​​ឯក​ឧត្តម​ លី​ ឆេង​ បាន ​ផ្តួច​ផ្តើម​កសាង​សមិទ្ធិ​ផល​នា​នា​នៅ​ក្នុង​វត្ត​តាំង​ពី​ឆ្នាំ​២​០​០​០​ រហូត​មក​ដល់​បច្ចុប្បន្ន​ ដែល​សរុប​ថវិកា​ទាំង​អស់​ចំនួន​ ៣​០​១​.​៥​៦​៩​ដុល្លា​ និង​ធ្លាប់​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ឆ្លង​សមិទ្ធិ​ផល​ទាំង​នោះ​ចំនួន​ ០​២​លើក​រួច​មក​ហើយៈ​
-​លើក​ទី​១​:​ ​ នៅ​ថ្ងៃ​ទី​ ០​១​ ខែ​វិច្ឆិកា​ ឆ្នាំ​២​០​០​១​ សម្ពោធ​ឆ្លង​ពុទ្ធិក​សា​លា​បឋម​សិក្សា​ ដែល​ផ្តួច​ផ្តើម​ និង​ឧបត្ថម្ភ​ថវិកា​ដោយ​ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំទាវ​ និង​ក្រុម​គ្រួសារ​ សរុប​ថវិកាៈ​ ២​៧​.​៥​៨​៦​ ដុល្លា​ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ​ឯក​ឧត្តម​ ម៉ឹង​ សំ​ផន​ ​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ដែល​ជា​តំណាង​ដ៏​ខ្ពង​ខ្ពស់​ របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​
-លើក​ទី​២:​​ នៅ​ថ្ងៃ​ទី​ ២​៩​ ខែ​មីនា​ ឆ្នាំ​២​០​១​០​ សម្ពោធ​របង​វត្ត​ប្រវែង​៦​៤​៧​ម៉ែត្រ​ កុដិ​ថ្ម​ពីរ​ជាន់​០​១​ខ្នង​ មាន​១​២​បន្ទប់​ វច្ច​កុដិ​ ខ្លោង​ទ្វារ​ ផ្លូវ​បេតុង​ ចាក់​សាប​ក្នុង​បរិ​វេណ​វត្ត​ដែល​ឧបត្ថម្ភ​ដោយ​ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំទាវ​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​សរុប​ថវិកាៈ​ ១​៩​៧​.​៨​៧​៦​ ដុល្លា​ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ​ឯក​ឧត្តម​ អ៊ុង​ សាមី​​ អភិ​បាល​ ខេត្ត​ព្រៃ​វែង​ និង​​ឯក​ឧត្តម​ លី​ ឆេង​​ និង​លោក​ជំទាវ​។​
ហើយ ​ថ្ងៃ​នេះ​ ជា​លើក​ទី​៣​ ដែល​វត្ត​សំ​សមី​បាន​រៀប​ចំ​ពិធី​សម្ពោធ​ព្រះ​វិហារ​ទើប​ជួស​ជុល​ថ្មី​ សរុប​ថវិកាៈ​ ៦​១​.​១​១​៧​ដុល្លា​ និង​បាន​ចាក់​សាប​ផ្លូវ​បេ​តុង​ ចាក់​ដី​ ចាក់​ខ្សាច់​ភ្នំ​ ធ្វើ​ប្រព័ន្ធ​លូ​ សរុប​ថវិកាៈ​ ១​៤​.​៩​៩​០​ដុល្លា​ ដែល​ឧប​ត្ថម្ភ​ដោយ​ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំទាវ​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត​ អភិ​បាល​ ខេត្ត​ព្រៃ​វែង​ និង​ឯក​ឧត្តម​ លី​ ឆេង​ ​ និង​លោក​ជំទាវ​​ ។​

បន្ទាប់​មក​ ឯក​ឧត្តម​ លី​ ឆេង​ បាន ​ឡើង​មាន​ចំណាប់​អារ​ម្មណ៍​ ដោយ​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ការ​កសាង​សមិទ្ធិ​ផល​នា​នា​នៅ​ក្នុង​វត្ត​ ចាប់​តាំង​ពី​ឆ្នាំ​១​៩​៨​០​ ដែល​ឪពុក​របស់​ឯក​ឧត្តម​ធ្វើ​ជា​ប្រធាន​ភូមិ​លេខ​៣​ និង​ក្រោយ​មក​ទើប​នៅ​ឆ្នាំ​២​០​០​០​ ឯក​ឧត្តម​ ក៏​បាន​បន្ត​កសាង​សមិទ្ធិ​ផល​នា​នា​នៅ​ក្នុង​វត្ត​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​ ឯក​ឧត្តម​ ក៏​បាន​ប្រកាស​បន្ត​កសាង​របង​វត្ត​ និង​ពុទ្ធិក​មហា​វិទ្យា​ល័យ​ នៅ​វត្ត​សុវណ្ណ​រង្សី​ បន្ថែម​ទៀត​។​ ឯក​ឧត្តម​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​លោក​គ្រូ​-​អ្នក​គ្រូ​ និង​ក្មួយ​ៗ​សិស្សា​នុ​សិស្ស​ទាំង​អស់​ថា​ ក្មួយ​ៗ​ជា​ទំពាង​ស្នង​ឫស្សី​សម្រាប់​ទ្រ​ទ្រង់​ប្រទេស​ជាតិ​ ដូច្នេះ​ត្រូវ​ខិតខំ​រៀន​សូត្រ​ ដោយ​អនុ​វត្ត​តាម​ គោល​ការណ៍​រៀន​មាន​៣​គឺ​ រៀន​ពី​សា​លា​ រៀន​ពី​ការ​ងារ​ និង​រៀន​ដោយ​ខ្លួន​ឯង​ និង​ត្រូវ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ គឺ​ប្រព្រឹត្ត​អំពើ​ល្អ​សម្រាប់​ខ្លួន​ឯង​ ប្រព្រឹត្ត​អំពើ​ល្អ​សម្រាប់​គ្រួសារ​ ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ក្នុង​សង្គម​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា ​វីរៈ​កុល​បុត្រ​ខ្មែរ​ដ៌​ឆ្នើម​ និង​ជា​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ដឹក​នាំ​នាវា​កម្ពុជា​ ឈាន​ទៅ​រក​ការ​អភិ​វឌ្ឍ​ និង​រីក​ចម្រើន​គ្រប់​វិស័យ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត​ អភិ ​បាល​ ខេត្ត​ព្រៃ​វែង​ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​ ប្រជា​ពលរដ្ឋ​ ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ និង​បាន​ថ្លែ​ង​អំណរ​គុណ​ចំពោះ​ឯក​ឧត្តម​ លី​ ឆេង​ និង ​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ដែល​បាន​ជួយ​ឧប​ត្ថម្ភ​ជ្រោម​ជ្រែង​ទាំង​ស្មារ​តី​ សម្ភារៈ​ និង​ថវិកា​ក្នុង​ការ​ផ្តួច​ផ្តើម​គំនិត​កសាង​សមិទ្ធិ​ផល​នា​នា​កន្លង​មក​ ដើម្បី​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ទ្រ​ទ្រង់​ផ្នែក​ពុទ្ធ​ ចក្រ​ និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ពុទ្ធ​សាស​និក​ជន​ផង​ដែរ​។​

បន្ទាប់​មក​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត​ និង​ឯក​ឧត្តម​ លី​ ឆេង​ និង​​លោក​ជំទាវ​ ក៏​បាន​នាំ​យក​អំ​ណោយ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ សរុប ​ថវិកា​៨​.​៣​៩​០​.​០​០​០​៛​ ក្រណាត់​ស​១​០​០​ដុំ​ សៀវ​ភៅ​៧​០​០​ក្បាល​ និង​ប៊ិច​៧​០​០​ដើម​ សម្រាប់​ប្រគេន​បច្ច័យ​កសាង​៥​វត្ត​ ក្នុង​មួយ​វត្ត​៥​០​០​.​០​០​០​៛​ ទេយ្យ​ទាន​សម្រាប់​ព្រះ​សង្ឃ​៧​អង្គ​ ក្នុង​មួយ​អង្គ​២​០​.​០​០​០​៛​ និង​ទេយ្យ​វត្ថុ​ ១​អង្គ​១​កញ្ចប់​ តា​ជី​ យាយ​ជី​១​០​០​នាក់​ ក្នុង​ម្នាក់​១​០​.​០​០​០​៛​ និង​ក្រណាត់​ស​ក្នុង​ម្នាក់​១​ដុំ លោក​គ្រូ​-​អ្នក​គ្រូ​១​០​០​នាក់​ ក្នុង​ម្នាក់​ ៣​០​.​០​០​០​៛​ និង​សិស្សា​នុ​សិស្ស​៣​៥​០​នាក់​ ក្នុង​ម្នាក់​ ៥​.​០​០​០​៛​ និង​សៀវ​ភៅ​២​ក្បាល​ និង​ប៊ិច​២​ដើម​ផង​ដែរ​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត​ និង​ឯក​ឧត្តម​ លី​ ឆេង​ និង ​លោក​ជំទាវ​ បាន​ផ្តល់​កិត្តិ​យស​កាត់​ខ្សែ​បូ​ និង​ដាក់​សម្ពោធ​ព្រះ​វិហារ​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ ​ត​ទៅ​ផង​ដែរ​។​


































_______________________________________________________________________